ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំងលើព្រះរាជាណាចក្រកម្ពុជា
ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃអង្គារទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ពេលខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំងខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
សេចក្តីជូនដំណឹងបានបានបញ្ជាក់ទៀតថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នៅ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់ មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៥ ម៉ែត្រ វិនាទី។
២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។
៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី៥ភាគរយ-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១, ២៥ម៉ែត្រ៕