រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងតៃកុងបើកបរបំពានគន្លងផ្លូវ បានជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតបណ្តាលឱ្យធ្លាក់ទូចុះមកក្រោមនិង បន្តបុកចូលរបងផ្ទះប្រជាពលរដ្ឋថែមទៀតធ្វើឱ្យរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងនៅវេលាម៉ោង០៩ និង២០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 4A-1733 បានបើកបរក្នុងល្បឿនលឿន មានទិសដៅពីកើតទៅលិច ហើយថែមទាំងបើកបំពានចូលគន្លងបញ្ច្រាសថែមទៀត ។ ខណៈនោះដែរក៏មានរថយន្តកុងតឺន័រមួយគ្រឿងទៀត ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-1953 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាជាមួយរថយន្តបង្ក បានបុកគ្នាពីចំហៀងពេញទំហឹង បណ្តាលឱ្យរថយន្តកុងតឺន័រមួយគ្រឿងបែរក្បាលត្រឡប់ក្រោយ និងរថយន្តមួយគ្រឿងទៀតធ្លាក់ទូខាងក្រោយចុះមកក្រោម ចំណែកក្បាលរថយន្តបានទៅបុករបងផ្ទះប្រជាពលរដ្ឋដួលបង្កការខូចខាត តែមិនបង្ករបួសស្នាមដល់មនុស្សណាម្នាក់ឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកដើម្បីមកវាស់វែងយករថយន្តទាំង០២គ្រឿងទៅរក្សទុករង់ចាំដោះស្រាយពេលក្រោយ៕