ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ច។ក្រោយពេលធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់គេបានសម្រេចហេីយបណ្ដេីរបានប្រហែល២០ម៉ែត្រប្រុងបើកគេចខ្លួនករណីបង្កការភ្ញាក់ផ្អើលនេះបានកើតឡើង ស្ថិតនៅផ្លូវលំភូមិឫស្សីជា៣សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤។
ម្ចាស់ម៉ូតូឈ្មោះ រដ្ឋ ដាលីន ភេទស្រី អាយុ២៥ឆ្នាំមុខរបរអ្នកលក់អនឡាញស្នាក់នៅកន្លែងកើតហេតុ ។
តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា មុនកើតហេតុនោះ គាត់បានទុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅផ្លាកលេខ ភ្នំពេញ1N-3040 ចាក់សោ.កម៉ូតូទុកនៅមុខផ្ទះដូចសព្វដង ស្រាប់តែពេលនោះក៏មានជនសង្ស័យម្នាក់បានមកធ្វើសកម្មភាព កាច់សោ.កម៉ូតូបានសម្រេចហើយបណ្ដើរចេញប្រុងបើករត់ ។
តែពេលនោះអ្នកជិតខាងបានឃើញក៏ស្រែកថាចោរៗ រួចនាំគ្នាព័ទ្ធចាប់ជនសង្ស័យបានភ្លាមៗ និងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ដើម្បីឲ្យមកយកជនសង្ស័យយកទៅធ្វើការសាកសួរ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីរតិវិធី៕