ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ផឹកស្រាស្រវឹងឃើញកូនប្រើប្រាស់គ្រឿងញៀនក៏បាននិយាយប្រដៅកូនកុំឲ្យធ្វើបែបនេះបន្តទៀតហើយនាំផលវិបាកដល់គ្រួសារ។ តែកូនប្រុសមិនបានស្ដាប់ការទូន្មាននោះទេ បែរជាមានកំហឹងក៏ទាញយកកាំបិតបុ័ងតោ មកកាប់ប្រហារត្រូវក្បាលឪពុកបណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង នៅ នៅចំណុចភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំកាលពីយប់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៤ ។ ក្រោយមកសមត្ថកិច្ចបានចុះចាប់ ជនដៃដល់ជាកូនត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមេមត់ទាំងយប់ដើម្បីបន្តនីតិវិធី។
មន្ត្រីនគរបាលបានឲ្យដឹងថា មួយរយៈពេលនេះឪពុកបានឃើញទង្វើរបស់កូនប្រុសជក់គ្រឿងញៀន ជាញឹកញាប់ ហើយដោយខ្លាចមានបញ្ហាដល់ក្រុមគ្រួសារឪពុកបាននិយាយប្រដៅណែនាំជារឿយៗ តែកូនប្រុសមិនខ្ចីស្ដាប់។លុះនៅយប់ថ្ងៃកើតហតុឪពុក បានទិញស្រាបៀរមកផឹកអស់៥តៅ៦កំប៉ុងរាងស្រវឹងស្រឿងៗ ក៏បានណែនាំកូនកុំឲ្យជក់គ្រឿងញៀនបន្តទៀត។ តែទីបំផុតកូនប្រុសធុញទ្រាន់ហ្នឹងឪពុកនិយាយដដែលៗ ក៏ទាញយកកាំបិតបុ័ងតោ មកកាប់ប្រហារលើឪពុកឱ្យរងរបួសធ្ងន់បង្កឱ្យការភ្ញាក់ផ្អើលដល់អ្នកជិតខាង។
មន្ត្រីដដែលបានបន្តថាបន្តាប់មកប៉ុស្តិ៍នគរបាល រដ្ឋបាលមេមត់ បានទទួលព័ត៌មានពីលោកមេភូមខ្នងក្រពើ ឃុំមេមត់ ថាករណីប្រើអំពើហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស នៅចំណុចផ្ទះរបស់ឈ្មោះ ដួង គ្រីន ភេទប្រុស ស្ថិតនៅភូមិខ្នងក្រពើ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីប្រើហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស មួយករណីកើតឡើងបង្កឡើងដោយជនសង្ស័យឈ្មោះ ស៊ឹម សុផាត់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្នងក្រពើ ឃុំមេមត់ បានយក កាំបិតប៉័ងតោកាប់ ទៅលើជនរងគ្រោះឈ្មោះ ដួង គ្រីន ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់ (ឪពុកបង្កើត) បណ្តាលឲ្យមាន ស្នាមរបួសរយះដាច់លើក្បាលខាងក្រោយ ១ កន្លែង (ធំវែង)និងស្មាខាងក្រោយផ្នែកខាងស្តាំចំនួន០១កន្លែង ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។
មូលហេតុដោយសារជនរងគ្រោះផឹកស្រាស្រវឹងហើយណែនាំជនសង្ស័យជា កូន កុំឲ្យជក់គ្រឿងញៀនតទៅទៀត ទើបឈ្លោះប្រកែកគ្នា ត្រូវបានជនសង្ស័យជាកូនធ្វើសកម្មភាពតែម្តង។
ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់បានចុះដល់កន្លែងកើតហេតុ ហៅនាំជនសង្ស័យខាងលើ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមេមត់តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និងបានការអនុញ្ញាតពីលោក ឡាយ ឃាង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ
សមត្ថកិច្ចបញ្ជាក់ថា តាមរយៈការស្រាវជ្រាវឃើញថាកូនប្រុសរបស់ជនរងគ្រោះនេះបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនមែន ហើយមិនទាន់មានឈ្មោះស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ចនៅ ឡើយទេ។ រហូតមកដល់ព្រឹកថ្ងៃទី២៨ធ្នូ នេះ កូនប្រុសចិត្តអប្រិយរូបនេះត្រូវបានកម្លាំងជំនាញបំពេញបែបបទបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់៕