ខេត្តកំពង់ចាម ៖ ស្ត្រីចំណាស់ម្នាក់អាយុប្រហែល៥០ឆ្នាំ ត្រូវបានជនមិនស្គាល់មុខសង្ស័យចាប់រំលោភរួចសម្លាប់បំបិទ មាត់ព្រមទាំងបានវាយលើផ្ទៃមុខឡើងជាំមើលសឹងមិនស្គាល់ រួចហើយដឹកសពទៅទម្លាក់ចោលក្នុងព្រៃមួយកន្លែងមានចម្ងាយប្រមាណចិត៨០០ម៉ែត្រខាងជើងផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃខេត្តកំពង់ចាម បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋានបានទៅពិនិត្យកន្លែងកើតហេតុ មិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅក្បែរសពនោះឡើយ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវកាត់ព្រៃចំណុចកើតហេតុក៏បានប្រទះឃើញសពមនុស្សស្រីម្នាក់ស្លាប់ កាលពីម៉ោង៦ព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៤ ហើយបានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានខ្នុរដំបងឱ្យបានដឹងដើម្បីរាយការណ៍ជូនលោកអធិការនគរបាលស្រុកនិងឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ។ នៅកន្លែងកើតហេតុ មិនមានផ្ទះប្រជាពលរដ្ឋទេ។គឺហ៊ុមព័ទ្ធទៅដោយព្រៃតែប៉ុណ្ណោះ។
មន្ត្រីដដែលបានន្តបន្តថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញក៏បានបង្កើតគណៈកម្មការចម្រុះមួយុ។ក្នុងនោះរួមមានមណ្ឌលសុខភាពខ្នុរដំបង អាជ្ញាធរឃុំដើម្បីពិនិត្យសាកសពជនរងគ្រោះជាមនុស្សស្រីមិនស្គាល់អត្តសញ្ញាណ តាមរយៈការធ្វើកោសល្យវិច័យឃើញថា សពត្រូវបានគេរំលោភរួចសម្លាប់។
បើតាមការពិនិត្យមើលជាក់ស្ដែង សពអាចគេសម្លាប់ពីចម្ងាយហើយដឹកយកមកប្លុងចោលនៅក្នុងព្រៃនេះតែម្ដង។ ជាមួយនោះនៅលើផ្ទៃមុខឃើញមានស្នាមវាយជាំបែកមុខមើលសឹងមិនស្គាល់ តែប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចបានចំណាំថា ស្ត្រីដែលស្លាប់នេះគឺជាមនុស្សវិកលចរិតតែងតែដើរត្រេចរតាមដងផ្លូវម្ដងឃើញនៅខ្នុរដំបង ម្ដងឃើញនៅកន្លែងផ្សេង ។ តែគេពុំបានស្គាល់អត្តសញ្ញាណច្បាស់លាស់ថា ស្ត្រីម្នាក់នេះមានទីលំនៅទីណាពិតប្រាកដទេ។ផ្អែកតាមការសន្និដ្ឋានករណីឃាតកម្មមានស្ថានទម្ងន់ទោសនេះ អាចកើតឡើងម៉ោងប្រហែល៩យប់ ថ្ងៃទទី២១ វិច្ឆិកា ២០២៤ នៅចំណុចក្រោយរោងចក្រស្កនស៊ូក្នុងភូមិរវាង ឃុំខ្នុរដំបងស្រុកជើងព្រៃចម្ងាយ៧៥០ម៉ែត្រ ខាងជើងផ្លូវជាតិលេខ៦ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណដោយសង្ស៧យចាប់រំលោភ និងដាល់ដោយដៃត្រូវចំផ្ទៃមុខ មានស្នាមជាំ ហើយបែកឈាមបណ្តាលឱ្យស្លាប់ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ(ជនវិកលចរិត)ភេទស្រី អាយុប្រហែលជាង៥០ឆ្នាំ នៅចំណុចកើតហេតុខាងលើ។
ជនសង្ស័យធ្វើសកម្មភាពរួចបានគេចខ្លួនបាត់អស់។ សពជនរងគ្រោះគណៈកម្មការបានប្រគល់ជូនអាជ្ញាធរឃុំចាត់ចែងដោយរៀបចំបញ្ចុះសពនៅកន្លែងណាមួយ ដើម្បីងាយស្រួលថ្ងៃក្រោយសាច់ញាតិមកតាមសួររក។
យោងតាមបញ្ជារបស់ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានឱ្យកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តក៏ដូចជាកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃបន្តធ្វើការស្រាវជ្រាវដើម្បីវែកមុខជនដៃដល់ជាឃាតកយកមកដាក់ទោសតាមច្បាប់៕