ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការរៀបចំប្រារព្ធ“ទិវាសន្តិភាពនៅកម្ពុជា”នៅវិមានឈ្នះឈ្នះ វេលាម៉ោង០៧: ៣០នាទី និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ១៤:០០នាទី ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធា នីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិ ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៥:០០នាទីពញព្រឹករហូតដល់បញ្ចប់កម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មហាវិថីខាងលើមេត្តាជ្រាប និង ស្នើសុំយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាម កាលបរិច្ឆេទដូចបាន ជម្រាបជូនខាងលើដោយក្ដីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕