ខេត្តកំពង់ស្ពឺ៖ព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ លោកហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ច ឆ្នាំ ២០២៥នៅមន្ទីរគណបក្សខេត្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់រួមវត្តមាន ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ សរុប ៤៥០ នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផល ក៏ដូចជាវឌ្ឍនភាពការងារមួយចំនួនរបស់គណបក្សរួចមកលោក ហ៊ុន ម៉ានី បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារ របស់គណៈ កម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ និងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយក ចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ លោកបានបានគូសបញ្ជាក់ថា ការងារចម្បងរបស់គណបក្សគឺត្រូវបន្តពង្រឹងរចនាសម្ព័ន្ធគោលជំហរ ទស្សនៈ សាមគ្គីភាព ឯកភាពផ្ទៃក្នុងជាប្រចាំ ជាពិសេសជំរុញទៅដល់ក្របខណ្ឌសាខា និងអនុសាខាបន្ថែមទៀត ដើម្បីសម្រេចបានផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងជា ប្រចាំ ក្នុងគោលដៅ តាមដានវឌ្ឍនភាពការងារ ក៏ដូចជាក្ដាប់ឱ្យបាននូវស្ថានភាពជាក់ស្ដែងរបស់សមាជិកបក្ស ជាពិសេសស្ដាប់នូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗ របស់ថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សខេត្ត ក្រុម ការងារចុះជួយមូលដ្ឋានខេត្ត និងសមាជិក សមាជិកាបក្សខេត្ត ដើម្បីរៀបចំទិសដៅការងារសម្រាប់ខែបន្ទាប់៕