ខេត្តស្វាយរៀង៖ លោក សៅសុខា ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះពង្រឹងមូលដ្ឋានស្រុករមាសហែកបានណែនាំដល់មន្រ្តីគណបក្សទាំងអស់បន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ, ចៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជន និងត្រូវបន្តខិតខំបម្រើប្រជាជន។ ពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនន ដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។ការថ្លែង បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ ២០២៤ក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្ត ការងារគណបក្សប្រចាំឆ្នាំ២០២៤ និងលើកទិសដៅភារៈកិច្ចសម្រាប់អនុវត្តប្រចាំឆ្នាំ២០២៥ ក្នុងស្រុករមាសហែក នាសាលប្រជុំទីចាត់ការគណបក្សស្រុករមាសហែក។
ក្នុងឱកាសនោះ លោក សៅ សុខា ប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបានបន្តថា ក្រោមការ អនុវត្តកម្មវិធីនយោបាយរបស់គណបក្ស, យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ព្រមទាំងគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។សមិទ្ធផលទាំងនេះ បានបន្តបង្កើន និងពង្រឹងជំនឿជឿជាក់របស់ប្រជាជន មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងកាដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រមុខនៃរាជរដ្ឋាភិបាល ដែលបានបន្តពង្រឹងសន្តិភាព, ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជន។លោក ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃថ្នាក់ស្រុករមាសហែក ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយ, ចិត្ត, ស្មារតី និងធនធានផ្ទាល់ខ្លួនហើយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន នាពេល កន្លងមក។
ឈរលើមូលដ្ឋាននេះ លោក សៅ សុខា បានផ្តាំផ្ញើដល់មន្រ្តីគណបក្ស ទាំងមកពីថ្នាក់កណ្តាល និងមូលដ្ឋាន ត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុប ក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ ដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជូនប្រជាជន និងដណ្តើមសន្លឹកឆ្នោតជូនគណបក្ស ដើម្បីសម្រេចចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតក្នុងការប្រែក្លាយ ទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដោយផ្តោតលើការដ្ឋាន ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រាក់ចំណូល ការងារ, ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗដោយរួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម,ការបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ដូចជា សេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាយុត្តិធម៌, សេវាអប់រំ, សុខាភិបាល, រដ្ឋបាល និងសេវាពាក់ព័ន្ធអាជីវកម្ម, ធុរកិច្ច និងប្រព័ន្ធសង្គម ព្រមទាំងបន្តដោះស្រាយបញ្ហាសមធម៌ និងយុត្តិធម៌សង្គម ដើម្បីដោះស្រាយកង្វល់ និងក្តីបារម្ភរបស់ប្រជាជន សំដៅបង្កើនមូលដ្ឋាននៃជំនឿទុកចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល។
លោកបន្ថែមថា ជាមួយគ្នានេះ ត្រូវបន្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់, ការឆបោក, សកម្មភាពក្មេងទំនើង និងបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តតំបន់បឹងទន្លេសាប និងតាមតំបន់ការពារធម្មជាតិផ្សេងទៀត ដោយអនុវត្តឱ្យបានហ្មត់ចត់បំផុត។
លោកក៏បានបន្តក្រើនរំលឹកដល់មន្រ្តីបក្សថា ក្នុងការបំពេញភារកិច្ច គឺត្រូវប្រកាន់ខ្ជាប់ និងគោរពឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ហើយបើក្នុងករណីមានការប្រព្រឹត្តខុសឆ្គង គឺត្រូវប្រញាប់កែកំហុសរបស់ខ្លួន ដោយយកតាមអភិក្រម នាំគ្នាឆាប់ដុសក្អែល បើពុំនោះទេ នឹងប្រឈមមុខជាមួយនឹងការវះកាត់ជាក់ជាមិនខានឡើយ៕