ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញធ្វើដំណើរនិវត្តន៍កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ។


សូមបញ្ជាក់ថា ៖ ក្នុងសប្តាហ៍នេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម។ ប្រទេសទាំង៤នោះ រួមមាន៖ ប្រទេសអារ៉ា ប៊ីសាអូឌីត, ប្រទេសកាតា, ប្រទេសតួកគីយេ និងប្រទេសអារ៉ាប់អេមីរ៉ាត់អារ៉ាបរួម។សម្តេចតេជោ និងគណៈប្រតិភូ បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ។ ប្រទេសដំបូងគេ ដែលសម្តេចបានបំពេញទស្សនកិច្ច គឺប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់មកប្រទេសកាតា ប្រទេសតួកគីយេ និងប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចនេះ គឺប្រទេសអេមីរ៉ាត់អារ៉ាប់រួម។


ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ «ការទូតសភា» ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។ដំណើរទស្សនកិច្ច ក៏បង្ហាញពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយបណ្តាប្រទេសកាន់សាសនាឥស្លាម ដែលកម្ពុជាមានលទ្ធភាពប្រើប្រាស់សក្តានុពលរបស់ខ្លួន ដើម្បីជំរុញបន្ថែមនូវការវិនិយោគ និងធ្វើពាណិជជ្ជកម្ម ដែលជាការធ្វើពិពិធកម្មទីផ្សារអន្តរជាតិរបស់ខ្លួន៕

Exit mobile version