ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ថត់មួយដោយស្ត្រីម្នាក់បានបើករថយន្តបុកម៉ូតូ១គ្រឿងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់តែមិនព្រមឈប់ដោះស្រាយទេក៏បានព្យាយាមបើករត់ទៅបុករះរបាំងថ្មចែកទ្រូងផ្លូវខូចខាតជាច្រើនកង់ រួចបន្តទៅបុកដើមឈើយ់ាងធំមួយទើបទៅមុខលែងរួចរថយន្តរងការខូចខ្ទេចមួយកំណាត់មុខ ។ ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ៣១០ខណ្ឌបឹងកេងកងនៅផ្លូវជាតិលេខ២សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីម៉ោង៣ទៀបភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២៤។
សាក្សីបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញនារីរូបស្រស់ម្នាក់បើកបររថយន្តម៉ាក តូយូ៉តាព្រូស ពណ៌ទឹកប្រាក់ផ្លាកលេខ ភ្នំពេញ 2BR-0776 ដោយរថយន្តខាងលើបានបង្កគ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅតាមបណ្ដោយផ្លូវ ៣១០ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដោយបើកបុកម៉ូតូ១គ្រឿង ម៉ាកស្កូពី ពណ៌សផ្លាកលេខភ្នំពេញ1IU-3923 បណ្តាលឱ្យបុរសម្ចាស់ម៉ូតូរងរបួសធ្ងន់ រួចបើករថយន្តរត់ដើម្បីគេចខ្លួនថែមទៀតបន្តបុកថ្មចែកផ្លូវនិងហួសបុកដើមឈើនៅជិតនោះតែម្តង។
ក្រោយកើតហេតុការណ៍ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងហៅរថយន្តសាមុយមកដឹកបុរសរងគ្រោះយកទៅសង្គមន្ទីពេទ្យភ្លាមៗ។ចំណែករថយន្តខាងលើបើករត់គេចចេញពីកន្លែងកើតហេតុឆ្ពោះទៅកាន់ផ្លូវជាតិលេខ២ ដោយមានប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់ពីក្រោយ។ លុះទៅដល់ទល់មុខវត្តចាក់អង្រែក្រោម រថយន្តបង្បានរេចង្កូតទៅបុករះរបាំងថ្មចែកទផ្លូវបង្កការខូចខាតអស់ចំនួន៣កង់ ព្រមទាំងដួលរនាំងដែកកាត់ទ្រុងផ្លូវជាច្រើនផ្ទាំង បន្ទាប់មកក៏រេទៅស្តាំ បុកដើមឈើនៅទល់មុខផ្ទះប្រជាពលរដ្ឋពេញទំហឹងទើបរថយន្តខ្ទេចមួយកំណាត់មុខទៅមុខលែងរួច។ភ្លាមនោះប្រជាពលរដ្ឋបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ទើបសមត្ថកិច្ចចុះមកឃាត់ខ្លួននារីម្ចាស់រថយន្តយកទៅសាកសួរសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ។
ចំណែករថយន្តបង្កបានរងការខូចខាតខ្ទេចមួយកំណាត់ខាងមុខ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយពេលក្រោយ៕