ខេត្តកំពង់ចាម៖លោក អ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០០២៥។ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា នាព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ ២០២៥ នៅទីលានបាល់ទះ(កីឡដ្ឋាន)ការិយាល័យ អប់រំកាយក្រុងកំពង់ចាម ។ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអំពាវនាវសូមឱ្យនាំគ្នាចូលរួមលេងកីឡាទោះកីឡាប្រភេទណាក៏ដោយ គឺដើម្បីថែរក្សាសុខភាពយើងឱ្យបានរឹងមាំ និងបានចៀសផុតពីជំងឺ កាចសាហាវទាំងឡាយគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ លោកភិបាលខេត្ត បានថ្លែងថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវសូមឱ្យយុវជន យុវនារីគ្រប់រូបបង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡា ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្យសមស្រប ទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។ និងសូមឱ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងថែរក្សា វប្បធម៌ ប្រពៃណី ក្នុងពេលប្រកួតឱ្យបានខ្ជាប់ខ្ជួន ផងដែរ ។
បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ក្រុមកីឡាករកីឡាការិនី មន្ទីរ-អង្គភាពជុំវិញខេត្ត ក្លិប និងក្រុង-ស្រុក ដែលបានចូលរួម ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៥នេះ សរុបចំនួន ៩១ក្រុម ដែលមានកីឡាករ កីឡាការិនី សរុប ៩៣១នាក់ និងគ្រូបង្វឹកចំនួន ១៨៧នាក់ ហើយប្រភេទកីឡាដែលបានដាក់ឲ្យប្រកួត រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាប៉េតង់(ប៊ូល)កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយសីជាដើម៕