ភ្នំពេញ៖ គិតត្រឹមថ្ងៃនេះអង្គភាពសារព័ត៌មានសរុបចំនួនជិត២ពាន់អង្គភាពនិង២៦សមាគមសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន។ជាមួយគ្នានោះក្រសួងក៏បានចេញបណ្ណសម្គាល់អ្នកសារព័ត៌មានបានចំនួនជាង៨ពាន់ បណ្ណ រួចហើយ ជូនដល់អ្នកសារព័ត៌មានសម្រាប់ប្រតិបត្តិការងារដោយស្របច្បាប់។ នេះបេីតាមការបញ្ជាក់ពីលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នកនាំពាក្យរូបនេះ បានបន្តថា ក្រសួងព័ត៌មាន ក្នុងឆមាសទី១ឆ្នាំ២០២៤ បានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងារ ដោយក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទនិងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការផ្តល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើ ករណីវិវាទមួយចំនួនទៀត។ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានសម្របសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈចំនួន១៧ករណី ដោយបានផ្តល់ការអប់រំនិងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈសារព័ត៌មានជាធរមាន។
លោកទេព អស្នារិទ្ធបន្ថែមថា៖ កិច្ចគាំពារដល់អ្នកសារព័ត៌មានជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទំនុកចិត្តនិងការការពារដល់អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីនិងភារកិច្ចក្នុងក្របខ័ណ្ឌដែលច្បាប់កំណត់៕