!ប័ត៌មានអន្តរចាតិ៖សេអ៊ូល៖ នាយសេនាធិការចម្រុះនៃកូរ៉េខាងត្បូង (JCS) បានឲ្យដឹងកាលពីថ្ងៃចន្ទមថា ទាហានកូរ៉េខាងជើងជាង1.000 នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។ តួលេខថ្មីនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍ពីទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលទៅកាន់សមាជិកសភាកាលពីសប្តាហ៍មុន។ តាមរបាយការណ៍ដដែលបញ្ជាក់ថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើងជាង100០នាក់ត្រូវបានសម្លាប់ចាប់តាំងពីចូលប្រយុទ្ធក្នុងខែធ្នូលើសមរភូមិអ៊ុយក្រែន។
នាយសេនាធិការចម្រុះបានបន្តថា ក្រុងព្យុងយ៉ាងបានបញ្ជូនទាហានរាប់ពាន់នាក់ទៅជួយពង្រឹងយោធារុស្ស៊ី រួមទាំងទៅតំបន់ព្រំដែន Kursk ដែលកងកម្លាំងអ៊ុយក្រែនដណ្តើមយកកាលពីដើមឆ្នាំនេះ។
JCS ក៏បានរំលេចនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តាមរយៈប្រភពព័ត៌មាន និងការស៊ើបការណ៍ផ្សេងៗ យើងវាយតម្លៃថា ទាហានកូរ៉េខាងជើងដែលទើបតែបានចូលរួមក្នុងការប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែនបានទទួលរងនូវការខូចខាតប្រហែល 1,100 នាក់ឯណោះ”។JCS បានបន្ថែមថា “យើងចាប់អារម្មណ៍ជាពិសេសចំពោះលទ្ធភាពនៃការដាក់ពង្រាយបន្ថែម” របស់ទាហានកូរ៉េខាងជើង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។
JCS បានបន្តទៀតថា ទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសម្រាប់ការផ្លាស់ប្តូរទាហាន ឬការដាក់ពង្រាយទាហានបន្ថែម។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក៏បានណែនាំផងដែរថាកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរកំពុងផលិត និងផ្តល់យន្តហោះគ្មានមនុស្សបើកដែលអាចបំផ្លិចបំផ្លាញទៅឲ្យប្រទេសរុស្ស៊ី ដើម្បីជួយបន្ថែមដល់ទីក្រុងម៉ូស្គូក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។ ទន្ទឹមនោះកូរ៉េខាងជើងក៏កំពុងផ្គត់ផ្គង់ គ្រាប់រ៉ុក្កែត 240mm និងកាំភ្លើងធំ 170mm សម្រាប់កងទ័ពរុស្ស៊ីផងដែរ។
យោធារបស់ទីក្រុងសេអ៊ូលបានកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើងមានគោលបំណងធ្វើទំនើបកម្មសមត្ថភាពសង្គ្រាមធម្មតារបស់ខ្លួនដោយផ្អែកលើបទពិសោធន៍ប្រយុទ្ធក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ កត្តានេះអាចនាំឱ្យមានការកើនឡើងនៃការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើងមកលើកូរ៉េខាងត្បូងផងដែរ។
ការរកឃើញចុងក្រោយនេះ ស្របនឹងរបាយការណ៍មួយរបស់National Intelligence Service ដែលបានជូនដំណឹងដល់សមាជិកសភាថា រុស្ស៊ីអាចផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមកសម្រាប់ការរួមចំណែកយោធារបស់កូរ៉េខាងជើង រួមទាំងទំនើបកម្មសព្វាវុធសាមញ្ញរបស់កូរ៉េខាងជើង៕