ភ្នំពេញ ៖ បុរសម្នាក់ជាគ្រូខ្មែរចាប់សរសៃ បានជិះម៉ូតូម៉ាកហុងដាឌ្រីមទៅប៉ះជាមួយម៉ូតូសណ្ដោងរ៉ឺម៉កក៏បានដួលខ្ទាតមនុស្សចូលក្រោមរថយន្តហើយត្រូវរថយន្តតួរីសបើកមកកិនពីលើជនរងគ្រោះស្លាប់ភ្លាមៗ។ហេតុការណ៍ដ៏រន្ធត់នវបានកើតឡើងនៅ នៅក្បែរវត្តចំប៉ាតាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល១សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីវេលាម៉ោង៥ទៀបភ្លឺ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២៤។


សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ៅ លីអាយុ ៦៤ឆ្នាំ មុខរបរជាគ្រូចាប់សរសៃ ស្នាក់នៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ផ្លាកលេខភ្នំពេញ១AF-៩៤១៩ តាមផ្លូវជាតិលេខពីកើតទៅលិច។ ខណៈមកដល់កន្លែងកើតហេតុស្រាប់តែជិះទៅប៉ះជាមួយម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឱ្យជនរងគ្រោះដួលបោកទៅកណ្ដាលផ្លូវ ហើយត្រូវរថយន្តទូរីស១គ្រឿងមិនចាំម៉ាកនិងផ្លាកលេខ បើកតាមផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើតបានកិនពីលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗហើយរថយន្តនិងម៉ូតូសណ្ដោងរុឺម៉កទាំងពីរខាងលេីក៏បានបេីករត់គេចខ្លួនបាត់អស់។


តាមប្រភពពីកូនប្រុសបង្កើតរបស់ជនរងគ្រោះ(សព)បានឱ្យដឹងថា គាត់មានបងប្អូន២នាក់ ប្រុស១ ,ស្រី១ និងម្ដាយនៅផ្ទះ ចំណែកឪពុកមានមុខរបរគ្រូឪសថបុរាណខ្មែរនិងគ្រូចាប់សរសៃផង។ មុនកើតហេតុឪពុកខ្លួនបានចេញពីផ្ទះឆ្លងកំពង់ដបន្ទាយដែកក្នុងគោលបំណងទៅភ្នំពេញចាប់សរសៃឱ្យគេ ស្រាប់តែមកដល់ម៉ោងកើតហេតុឮសំឡេងទូរស័ព្ទតេមកថាឪពុកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ហើយ។ ឮបែបនេះគាត់ប្រញាប់ចុះមកកន្លែងកើតហេតុឃើញឪពុកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែន ហេីយក៏បានស្នើសុំសមត្ថកិច្ចជួយស្រាវជ្រាវរកជនបង្កយកមកចាត់ការតាមច្បាប់ និងសុំយកសពឪពុកទៅធ្វើបុណ្យ។


ក្រោយមក សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់និងបានពិនិត្យមេីលតាមកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋឃើញថា បុរសរងគ្រោះជិះម៉ូតូតាមផ្លូវជាតិលេខ១ស្របទិសដៅគ្នាជាមួយម៉ូតូសណ្ដោងរុឺម៉កក្នុងទិសដៅពីកើតទៅលិចក៏ប៉ះគ្នាជាមួយម៉ូតូសណ្ដោងរុឺម៉កបណ្ដាលឲ្យដួល ហេីយចៃដន្យមានរថយន្ត១គ្រឿងទៀតបើកតាមផ្លូវជាតិលេខ១ពីលិចទៅកើត ក៏បានកិនចំពោះបណ្ដាលឱ្យស្លាប់ពិតមែន។ ចំណែកម៉ូតូសណ្ដោងរុឺម៉កនិងរថយន្តរត់គេចបាត់ទាំង២គ្រឿងបន្សល់តែជនរងគ្រោះនៅកន្លែងកើតហេតុ ។ ក្រោយមកសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្នសិនរង់ចាំស្រាវជ្រាវបន្តតាមជំនាញ៕

Share.
Leave A Reply

Exit mobile version