ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកវ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ កម្ពុជា បានសម្តែងការពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងពហុ សណ្ឋានរវាងប្រទេសទាំងពីរនៅក្នុងជំនួបសម្តែងការគួរសមរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតជាមួយ លោកឧបនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង។ ក្នុងជំនួប នោះ លោកឯកអគ្គរដ្ឋទូត បានពាំនាំនូវការអបអរសាទរយ៉ាងកក់ក្តៅរបស់លោក វ៉ាង យី សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាថ្មី ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីសេចក្តីរីករាយឥតឧបមា និងការត្រៀមបន្តទំនាក់ទំនងការងារដ៏ជិតស្និទ្ធជាថ្មីឡើងវិញរបស់ឯកឧត្តម វ៉ាង យី ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ។


លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណភាគីចិន ចំពោះការផ្តល់ការត្រួតពិនិត្យដ៏ ពិសេស ដល់ព្រះរាជសុខភាពរបស់ព្រះករុណាព្រះមហាក្សត្រ និង សម្តេចម៉ែ និងបដិសណ្ឋារ កិច្ចយ៉ាងកក់ក្តៅថ្វាយចំពោះអង្គព្រះមហាក្សត្រ និង សម្តេចម៉ែ ដែលជានិម្មិតរូបបង្ហាញពីការ ជឿទុកចិត្តយ៉ាងជ្រាលជ្រៅ និងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។
លោកឧបនាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូតចិន អំពីការរៀបចំ ដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិនាចក្រកម្ពុជា ដោយបានគូសបញ្ជាក់ពីតម្លៃនៃដំណើរទស្សនកិច្ចនេះ ក្នុងការពង្រឹងបន្ថែមភាពជាដៃគូយុទ្ធសាវ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅឆ្ពោះទៅកាន់អនាគតរួមគ្នាដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍ។ ការរៀបចំដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានពិភាក្សាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតបានអះអាងពីការប្តេជ្ញាចិត្តក្នុងការ អនុវត្តឱ្យបានជោគជ័យនូវកុងសង់ស៊ីស និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បី ជំរុញគម្រោងសំខាន់ៗដូចជា ច្រករបៀងត្រី និងស្រូវ ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង អភិវឌ្ឍន៍កសិកម្មទំនើប និងគម្រោងថាមពលចម្រុះ ក៏ដូចជាការលើកកម្ពស់ការកសាងសហគមន៍ កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងការកសាងអនាគតរួមគ្នា នៅយុគសម័យថ្មី ដោយចាត់ទុកជាគំរូសម្រាប់មនុស្សជាតិ។

 

លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់ប្រទេស ចិនដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ លោកឯកអគ្គរដ្ឋទូត បានរំលឹកឡើងវិញនូវការគាំទ្រ ឥតងាកររបស់ចិនសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា រួមទាំងគម្រោងព្រែកជីក ហ្វូណន តេជោ និងការ ប្តេជ្ញាចិត្តរបស់ចិនក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។


លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសម្តែងការសាទរចំពោះការ កំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។ ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃ ការបង្កើនជើងហោះហើរត្រង់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីស្តារឡើងវិញនូវ ចំនួនភ្ញៀវទេសចរចិនមកកម្សាន្តនៅកម្ពុជាឱ្យដូចមុនមានជំងឺរាតត្បាតកូវីដ-១៩។
ទន្ទឹមនឹងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍ រួម លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើការគាំទ្រគ្នាទៅ វិញទៅមក នៅក្នុងវេទិកាអន្តរជាតិ និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរគូសបញ្ជាក់ថែមទៀតពីសារៈសំខាន់នៃការ សន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក៕

Share.
Leave A Reply

Exit mobile version