ភ្នំពេញ៖បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ បានបើកយុទ្ធនាការក្តៅ បង្ក្រាបក្រុមក្មេងទំនើង កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ជាបន្តបន្ទាប់មក មានក្មេងទំនើងជាច្រើនរយនាក់ត្រូវបានបង្ក្រាប ក្រោមវិធានការអប់រំ ដាក់វិន័យរដ្ឋបាល និងបញ្ជូនទៅតុលាការ រហូតទទួលបានការគាំទ្រនិងសាទរ ពីប្រជាពលរដ្ឋ។ ក្រោយការស្ងប់ស្ងាត់មួយរយៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណ ២០០នាក់ បានបើកយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងទ្រង់ទ្រាយធំជាលើកទី២ទៀតុំបន្ទាប់ពីបានឃាត់ខ្លួនក្មេងទំនើងវាយគ្នាទៅវិញទៅមក ចំនួន ៥នាក់ និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងឃាត់ក្មេងទំនើងបង្ហោះម៉ូតូ ៥នាក់ផ្សេងទៀត នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ យកទៅអប់រំ ដាក់វិន័យរដ្ឋបាល ព្រមទាំងដកហូតម៉ូតូ ៣គ្រឿង រក្សាទុ៣ខែ។

តែក្នុងនោះមានម៉ូតូ០១គ្រឿង នឹងត្រូវរក្សាទុករហូតដល់៦ខែ ព្រោះធ្លាប់ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់រក្សាទុក៣ខែម្តងរួចមកហើយ ក្រៅពីនេះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានអប់រំនៅនឹងកន្លែង ចំពោះក្មេងៗប្រមាណ៧០នាក់តាមគោលដៅផ្សេងៗ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ។ សូមរំលឹកថា កន្លងតៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

Share.
Leave A Reply

Exit mobile version