ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការបានបញ្ជាក់ថា៖នៅលើទ្រូងផ្លូវដែលមានគំនូសសញ្ញាពណ៌លឿងខឿនឬសួនបែងចែកទិសចរាចរណ៍មាន ៤គន្លង អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចណ៍ ចំពោះអ្នកបើកបរយានសាមញ្ញ ត្រូវបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវ។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីរសៀលថ្ងៃទី១៣ខែមករា ឆ្នាំ២០២៥ ។លោកអនុរដ្ឋលេខាធិការ បានបន្តថា ៖ អ្នកបើកបររថយន្ត អាចបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវបាន ក្នុងករណីចរាចរណ៍មមាញឹក និងបើកបរក្នុងល្បឿនយឺត។
– នៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៦គន្លង អ្នកបើកបររថយន្តត្រូវបើកបរតាមគន្លងផ្លូវកណ្ដាល លើកលែងតែការជែង អាចបើកបរតាម គន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចរណ៍។ ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបររថយន្ត អាចបើកបរបានតាមគន្លងផ្លូវទាំង២ រាប់ពីខឿនបែងចែកទិសចរាចរណ៍។ ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវកណ្តាល។ ក្នុងករណីនេះ រថយន្តនៅតាមគន្លងផ្លូវណាមួយបើកបរ លឿនជាង មិនចាត់ទុកជាការជែងឡើយ ចំពោះអ្នកបើកបរយានសាមញ្ញ ត្រូវបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវ ៕