ភ្នំពេញ៖ជាច្រើនទសវត្សរ៍មកនេះ នគរបាលជាតិកម្ពុជា បានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋយ៉ាងសកម្មក្លៀវក្លា ស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ដើម្បីធានាថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានផ្តល់ ឬផ្សព្វផ្សាយព័ត៌មាន យ៉ាងសកម្មជូនសាធារណជន។ បេសកកម្មជាប្រវត្តិសាស្ត្រនេះ បានរួមចំណែកពង្រឹងសុខសន្តិភាព និង ស្ថិរភាពនយោបាយ បម្រើឱ្យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
ដើម្បីឱ្យបេសកកម្មនេះកាន់តែមានប្រសិទ្ធភាព និងសង្គមជាតិភាពតាមគន្លងច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងដើម្បី ពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌ វិជ្ជាជីវៈនៃការផ្តល់ ឬផ្សព្វផ្សាយព័ត៌មាន នីតិវិធីនៃការស៊ើបអង្កេតព្រមទាំងសិទ្ធិបុគ្គល ក្រសួងមហាផ្ទៃសម្រេចដាក់ចេញសេចក្តីណែនាំ ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គមសម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលមានខ្លឹមសារដូចខាងក្រោម៖
១- សេចក្តីណែនាំនេះ ជាវិធានសម្រាប់មន្ត្រីមានសមត្ថកិច្ច រួមមាន អាជ្ញាធរដែនដី មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្នុងការផ្តល់ ឬផ្សព្វផ្សាយ ព័ត៌មានជាសាធារណៈឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវវិជ្ជាជីវៈស្របតាមគោលការណ៍ច្បាប់។
២- សេចក្តីណែនាំនេះ មានវិសាលភាពអនុវត្តចំពោះមន្ត្រីមានសមត្ថកិច្ចលើការងារផ្តល់ ឬផ្សព្វផ្សាយ ព័ត៌មានជាសាធារណៈទាក់ទងនឹងកិច្ចប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងព័ត៌មាន ផ្ទៃក្នុងរបស់អង្គភាព។
៣- មុនពេលក្នុងពេល និងក្រោយពេលប្រតិបត្តិការ មន្ត្រីមានសមត្ថកិច្ចត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈមិនត្រូវផ្តល់ឬផ្សព្វផ្សាយព័ត៌មានទៅបុគ្គលគ្មានភារកិច្ចសាធារណជន ឬនិងភ្នាក់ងារព័ត៌មានឡើយ។
៤- មន្ត្រីមានសមត្ថកិច្ច ត្រូវអនុវត្តវិធានការជំនាញ និងហាមឃាត់បុគ្គលគ្មានភារកិច្ចសាធារណជន និង ភ្នាក់ងារព័ត៌មានផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់សមត្ថកិច្ចជំនាញដំណើរការនីតិវិធីនិងសិទ្ធិបុគ្គល។
៥- ក្នុងពេលប្រតិបត្តិការមន្ត្រីមានសមត្ថកិច្ចមិនអនុញ្ញាតឱ្យថតរូបភាព វីដេអូសំឡេងនិងផ្តល់ ឬ ផ្សព្វផ្សាយសកម្មភាពប្រតិបត្តិការជាដាច់ខា។ត ទោះតាមទម្រង់ណាក៏ដោយ។ ប្រធានអង្គភាព ឬ ប្រធានក្រុមប្រតិបត្តិការ ត្រូវចាត់តាំងមន្ត្រីសម្រាប់ថតសកម្មភាពទុកបម្រើការងារជំនាញ។ មន្ត្រីដែល ទទួលបានការចាត់តាំង ត្រូវអនុវត្តតាមចំណុច២ចំណុច៣ និងចំណុច៤ ដោយមិនត្រូវប្រើប្រាស់ រូបភាព វីដេអូឡេងព័ត៌មានក្នុងកិច្ចប្រតិបត្តិការនិង/ឬការនាំជនសង្ស័យទៅធ្វើត្រាប់សកម្មភាពល្មើសនៅកន្លែងកើតហេតុខុសគោលការណ៍អនុញ្ញាតពីប្រធានអង្គភាពឬប្រធានក្រុមប្រតិបត្តិការជាដាច់ខាត។
៦- មន្ត្រីមានសមត្ថកិច្ច ត្រូវបំពេញការងារជំនាញយ៉ាងរួសរាន់បំផុត។បញ្ជូនជនដែលត្រូវបានឃាត់ ចាប់ខ្លួនឬនាំខ្លួនទៅកាន់ការិយាល័យ ឬអង្គភាពមានសមត្ថកិច្ច ដោយមិនត្រូវទុកពេលថតរូបភាព សំឡើង វីដេអូផ្តល់ ឬផ្សព្វផ្សាយព័ត៌មានឡើយដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
៧- រាល់រូបភាពវីដេអូឬសំឡេង អំពីសកម្មភាពបំពេញការងារជំនាញនៅការិយាល័យ ឬអង្គភាព និង សកម្មភាពចន្លោះនីតិវិធីតុលាការ និងពន្ធនាគារ គឺសម្រាប់តែបម្រើការងារជំនាញ និងនីតិវិធីតាម ការចាំបាច់ ដែលទទួលបានការអនុញ្ញាតប៉ុណ្ណោះ។ រាល់ការអនុវត្តនីតិវិធីជាមួយជនសង្ស័យ និងភាគី ពាក់ព័ន្ធដែលច្បាប់តម្រូវមិនត្រូវឱ្យមានបុគ្គលក្រៅសំណុំរឿងចូលរួមជាដាច់ខាត។
៨- មានតែប្រធានអង្គភាព អ្នកនាំពាក្យ ឬប្រធានក្រុមប្រតិបត្តិការដែលទទួលសិទ្ធិពីប្រធានអង្គភាព តាមឋានានុក្រមប៉ុណ្ណោះដែលអាចផ្តល់ ឬផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជន ឬភ្នាក់ងារ ព័ត៌មាន។ រាល់ការសាកសួរក្នុងវិជ្ជាជីវៈសារព័ត៌មានទៅកាន់ជនសង្ស័យ ជនរងគ្រោះ ឬភាគីពាក់ព័ន្ធ ក្នុងសំណុំរឿង នៅក្នុងបរិវេណអង្គភាពឬការិយាល័យមានសមត្ថកិច្ច មិនត្រូវបានអនុញ្ញាតឡើយ។
៩- មន្ត្រីមានសមត្ថកិច្ច មិនត្រូវផ្តល់ ឬផ្សព្វផ្សាយជាសាធារណៈ តាមមធ្យោបាយនានានូវឯកសារ ជំនាញគ្រប់ដំណាក់កាលនីតិវិធីដល់ភាគីដែលគ្មានសមត្ថកិច្ចក្នុងសំណុំរឿងជាដាច់ខាត។ លើកលែង តែករណីចាំបាច់ដែលសម្រេចដោយថ្នាក់ដឹកនាំមានសមត្ថកិច្ច។
១០- ក្នុងករណីទទួលបានគោលការណ៍អនុញ្ញាតឱ្យផ្តល់ ឬផ្សព្វផ្សាយព័ត៌មាន រាល់រូបភាព ឬវីដេអូពាក់ព័ន្ធនឹងជនសង្ស័យ សាក្សីជាពិសេសអនីតិជន និងជនរងគ្រោះពីបទល្មើសមួយចំនួន គប្បីបិតបាំង មុខ និង ឬអត្តសញ្ញាណ។ត្រូវធ្វើរូបភាពឬវីដេអូព្រាលៗចំពោះជនសង្ស័យដែលមានដៃជាប់ខ្នោះ ឬចំណងនិងគប្បីជ្រើសរើសរូបភាព ឬប្លង់វីដេអូណាដែលមិនបង្ហាញបច្ចេកទេសជំនាញ។សមត្ថកិច្ច រូបភាព ឬប្លង់វីដេអូហិង្សា ឬដែលនាំឱ្យប៉ះពាល់សតិអារម្មណ៍ វប្បធម៌ និងប្រពៃណីល្អ របស់ជាតិ។
១១- រាល់ការបញ្ចេញ ឬផ្សព្វផ្សាយរបាយការណ៍ព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅថ្នាក់ក្រោមជាតិ ត្រូវសុំការអនុញ្ញាតពីថ្នាក់ដឹកនាំមានសមត្ថកិច្ច។ ដោយឡែកនៅថ្នាក់ជាតិ ជាសមត្ថកិច្ចរបស់ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ឬមន្ត្រីដែលទទួលសិទ្ធិពីរដ្ឋមន្ត្រី។ រាល់ការធ្វើសន្និសីទសារព័ត៌មាន បង្ហាញជនសង្ស័យ ឬការបកស្រាយជាសាធារណៈ ត្រូវរក្សាឱ្យបាននូវសិទ្ធិបុគ្គល នីតិវិធីនៃការ ស៊ើបអង្កេតសុវត្ថិភាពសំណុំរឿង និងចៀសឱ្យផុតពីការប៉ះពាល់ដល់ស្ថាប័នមានសមត្ថកិច្ចដទៃ។
ទទួលបានសេចក្តីណែនាំនេះ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គាធិការ នៃអគ្គាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋាន ធនធានមនុស្ស អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធនាគារ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយក នៃ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធានក្រុមប្រឹក្សានីតិកម្ម នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ. អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក. ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ.ប្រធានអង្គភាពពាក់ព័ន្ធអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តនិងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តត្រូវទទួលបន្ទុកផ្សព្វផ្សាយនិងអនុវត្តឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕