ភ្នំពេញ៖ គញរោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដោយមនុស្សប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នបានបុករបាំងថ្មចែកទ្រូងផ្លូវអូសជាបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងត្បូងស្ពានព្រែកព្នៅ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវកាលពីវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ បុរសនារីរងគ្រោះទាំង២នាក់ បានចេញពីហូបអាហារជុំគ្នារួចវិលទៅទៅផ្ទះវិញ ដោយខាងស្រីជាអ្នកឌុបជិះម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌ផ្លាកលេខភ្នំពេញ1IB-2294 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ពីជើងទៅត្បូងដោយល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្តាលឱ្យនារីខាងលើបែកក្បាលស្លាប់ ដួលម៉ូតូអូសជាច្រើនម៉ែត្រ។ ចំណែកបុរសដែលជិះពីក្រោយរងរបួសធ្ងន់ធ្ងរ ត្រូវបានពលរដ្ឋនាំគ្នាទាក់ទងទៅរថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំក្រុមគ្រួសារម្ចាស់ម៉ូតូមកទទួលទៅវិញនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចក៏បានទាក់ទងទៅកាន់ក្រុមគ្រួសារសពរួចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ៕

 

 

 

 

Share.
Leave A Reply

Exit mobile version