ភ្នំពេញ៖ នៅឆ្នាំ២០២៤នេះ បរិមាណត្រីដែលអ្នកនេសាទដាក់ដាយនៅតាមដងទន្លេក្នុងខណ្ឌឬស្សីកែវនិងខេត្តកណញតាលហាក់មានការកើនឡើងដែល ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បាននាំគ្នាទៅទិញត្រីធ្វើប្រហុក ផ្អក នៅទីតាំងគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បេីតាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដែលនាំគ្នាមកទិញត្រីនៅគីឡូម៉ែត្រលេខ៩ បានរៀបរាប់ថា ឱ្យតែដល់រដូវប្រមូលផលនេសាទពួកគេតែងតែនាំគ្នាមកទិញត្រីធ្វើប្រហុក ផ្អក ទុកហូប ព្រោះការធ្វើប្រហុក ផ្អក ដោយខ្លួនឯងនេះ មានរសជាតិឆ្ងាញ់ និងអនាម័យល្អ។ បន្ថែមលើនេះ ប្រជាពលរដ្ឋ បង្ហាញការសប្បាយរីករាយ ដែលឃើញត្រីនៅឆ្នាំនេះ ហាក់មានការកើនឡើង និងតម្លៃវិញក៏សមរម្យដែរ។
ជាមួយគ្នានេះ អាជីវករធ្វើត្រីប្រហុកលក់ នៅគីឡូម៉ែត្រលេខ៩ បានឱ្យដឹងថា នៅឆ្នាំនេះតម្លៃត្រីទាបជាងឆ្នាំមុនដោយមួយគីឡូតម្លៃចាប់ពី ១,៣០០រៀល ទៅ ១,៥០០រៀល ត្រីមិនទាន់ធ្វើ និងត្រីធ្វើរួចរាល់មួយគីឡូតម្លៃ ៣,២០០រៀល បើធៀបឆ្នាំមុនតម្លៃ៣,៧០០រៀល។ប្រជាពលរដ្ឋដដែលបន្តថា តាមការសង្កេតនៅឆ្នាំនេះត្រីសំបូរដោយសារទឹកទន្លេហក់ឡើងខ្ពស់ជាងឆ្នាំមុន និងម្យ៉ាងវិញទៀតការទប់ស្កាត់បទល្មើសនេសាទបានច្រើនដូចច្នេះត្រីក៍មានការកើនឡើងដែរ។ លើសពីនេះ ផ្នែករដ្ឋបាលជលភលលោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក សូមអញ្ជើញមកទិញត្រីនៅទីតាំងនេះ ព្រោះតម្លៃទាបជាងឆ្នាំមុន និងត្រីក៏សំបូរដែ។
យោងតាមសេចក្តីជូនដណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីទន្លេសាប បឹង និងព្រែកនានា ចូលទន្លេសាបទន្លេមេង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅភូមិសាស្រ្តខេត្តកណ្តាល រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ រដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋមានបំណងចង់ធ្វើប្រហុក ផ្អក សូមរួសរាន់ទៅទិញត្រីនៅភូមិសាស្ដ្រខេត្ដកណ្ដាល និងរាជធានីភ្នំពេញ៕