ភ្នំពេញ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤កន្ងទៅ។សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន១៣៧,០៤០នាក់ ស្រី ៧៤,៨៨២ នាក់ ត្រូវជា ៥៤,៦៤ភាគរយ។ បេក្ខជនបានមកប្រឡងចំនួន១៣៤,៦២៩នាក់ ស្រី ៧៣,៩២៩នាក់ ត្រូវជា ៥៤,៩១ភាគរយ និងបេក្ខជនបាន ប្រឡងជាប់សរុប ១០៦,៣៥១នាក់ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។


បេក្ខជនដែលបានប្រឡងជាប់នេះ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២,២១៦នាក់ ស្រី ១,២៨១នាក់ ត្រូវជា ៥៧,៨០ភាគរយ, និទ្ទេស B ចំនួន ៩,៧០១នាក់ ស្រី ៥,៩៨៥នាក់ ត្រូវជា ៦១,៦៩ភាគរយ, និទ្ទេស C ចំនួន ២២,៦៧៥នាក់ ស្រី ១៤,២២០នាក់ ត្រូវជា ៦២.៧១ភាគរយ, និទ្ទេស D ចំនួន ៣៦,៦៨៣នាក់ ស្រី ២១,៦៩៨នាក់ ត្រូវជា ៥៩.១៥ភាគរយ, និទ្ទេស E ចំនួន ៣៥,០៧៦នាក់ ស្រី ១៨,៣៤៦នាក់ ត្រូវជា ៥២.៣០ភាគរយ។
សូមបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី២ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ដែលជាការបង្ហាញឱ្យឃើញនូវការផ្តល់ការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើសិស្សមានសមត្ថភាពពូកែរបស់កម្ពុជា។ការជួបសំណេះសំណាល និងផ្តល់រង្វាន់នេះ គឺជាការអនុវត្តន៍បន្តនូវសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនីតិកាលទី៥ពោលគឺនៅក្នុងឆ្នាំ២០១៤ សម្តេចតេជោអតីតៈនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់កិត្តិយសឱ្យសិស្សនិទ្ទេស A បានជួបសំណេះសំណាលដោយ។ ឆ្នាំ២០១៤ ជាឆ្នាំធ្វើកំណែទម្រង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលលោកហង់ជួន ណារ៉ុន ចូលកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឆ្នាំ២០១៤ មានបេក្ខជនទទួលបាននិទ្ទេស A តែ ១១នាក់ប៉ុណ្ណោះ។
ខាងក្រោមនេះ ជាលទ្ធផលនៃកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូត ដល់ឆ្នាំ២០២៤។
១៖ ឆ្នាំ២០១៤ ការប្រឡងលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ ភាគរយ និងលើក ទី២ បេក្ខជនប្រឡងជាប់ ១៧,៩២ ភាគរយ។ បេក្ខជនទទួលបាននិទ្ទេស A មាន ចំនួន ១១នាក់
២៖ ឆ្នាំ២០១៥ បេក្ខជនប្រឡងជាប់៥៥,៨៨ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១០៨នាក់។
៣៖ ឆ្នាំ២០១៦បេក្ខជនប្រឡងជាប់ ៦២,១៨ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤០៥នាក់។
៤៖ ឆ្នាំ២០១៧ បេក្ខជនប្រឡងជាប់ ៦៣,៨៤ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤២៤នាក់។
៥៖ ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់ ៦៧,០៧ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤០៨នាក់
៦៖ ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់ ៦៨,៦២ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤៤៣នាក់។
៧៖ ឆ្នាំ២០២០ ដោយស្ថិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួង បានកំណត់ឱ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិ និងមិនកំណត់និទ្ទេស
៨៖ ឆ្នាំ២០២១ បេក្ខជនប្រឡងជាប់ ៦៥,៦៥ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១.៧៥៧ នាក់។
៩៖ ឆ្នាំ២០២២ បេក្ខជនប្រឡងជាប់ ៧២,៣៣ ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន១.០៥៨នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស៩នាក់។
១០៖ ឆ្នាំ២០២៣បេក្ខជនប្រឡងជាប់៧២,៨៩ ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១.៦៩១នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់)១១៖ ឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់ ៧៩,០០ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន២.២២៥នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស៩នាក់)៕

Share.
Leave A Reply

Exit mobile version