ភ្នំពេញ ៖ ការប្រកាសរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ខែតុលា ឆ្នាំ២០២៤កន្លងទៅ។ខណៈ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួននៅលើបណ្ដាញសង្គមថា៖ក្រសួងអប់រំ បានដាក់បញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សា ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងបង្ករអស្ថិរភាពនៅក្នុងសង្គមនោះ ។។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា«សូមកុំភ័យព្រួយថា រាជរដ្ឋាភិបាល និងក្រសួងអប់រំលក់ភាសាជាតិ និងយកភាសាផ្សេងមកដាក់បញ្ចូលនោះ គឺគ្មានទេ»។សម្តេចធិបតីបានអះអាថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ភាសាខ្មែរ គឺជាភាសាជាតិតែមួយគត់របស់កម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ទិសដៅពង្រឹងការបណ្ដុះបណ្ដាលចាប់ពីសាលាបឋមសិក្សា ដើម្បីពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំ។ទន្ទឹមនឹងនេះ សម្តេចធិបតីបានបញ្ជាក់ថា រាជារដ្ឋាភិបាលបាន នឹងកំពុង ជំរុញថែរក្សា និងអភិរក្សអក្សខ្មែរ និងបង្កើនទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីរុញឱ្យភាសាខ្មែរកាន់តែទាន់សម័យ និងមានការប្រើប្រាស់កាន់តែច្រើន។

ក្នុងឱកាសនេះសម្តេចបវរធិបតីបានលើកទឹកចិត្ដឱ្យឪពុកម្ដាយទិញសៀវភៅឱ្យកូនៗអានឱ្យបានច្រើន ដើម្បីធ្វើឱ្យសិស្សបង្កើនចំណេះដឹង និងស្រលាញ់ការសិក្សា។ ម្យ៉ាងវិញទៀត ការអានសៀវភៅ នាំឱ្យកាត់បន្ថយគម្លាតពីការកាន់ទូរសព្ទ,ថេបប្លេតឬគ្រឿងអេឡិចត្រូនិកនានា។

សម្ដេចបវរធិបតី បានថ្លែងថា សម្ដេច សប្បាយចិត្តពេលឃើញមានការរៀបចំសំណេរភាសាខ្មែរនៅមុខ ប្រាសាទអង្គរវត្ត មានការរៀបចំតាំងពិពណ៌សៀវភៅ ដោយមានការចូលរួមយ៉ាងកុះករ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់វ័យ។ សម្ដេច បានបន្តថា សម្ដេច បានឃើញ ឪពុកម្ដាយនាំកូនៗទៅទិញសៀវភៅ សម្ដេចសូមលើកទឹកចិត្តឱ្យរៀបចំបែបនេះកាន់តែច្រើន។

សម្ដេចមានប្រសាសន៍បន្តថា កាលពី១០ទៅ២០ឆ្នាំមុន សៀវភៅយើងមិនសូវមានទេ សូម្បីតែសៀវភៅបកប្រែជាភាសាខ្មែរក៏មិនសូវមានដែរ។ សៀវភៅកូនក្មេងក៏មិនសម្បូរ តែឥឡូវមានសព្វមានគ្រប់។

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចសូមជម្រុញឱ្យយុវជនគ្រប់ស្រទាប់រៀនអានសៀវភៅពីព្រោះពេលយើងអានគឺជក់ចិតណាស់…កាលសម្ដេចនៅពីក្មេង នៅតាមសាលាមិនសូវមានសៀវភៅទេ។ នៅក្នុងបណ្ណាល័យមានតែ៤ ទៅ៥ក្បាល ហើយសិស្សរាប់រយនាក់ មានតែកត់ត្រាពីគ្រូយកមកទន្ទេញប៉ុណ្ណោះ។ឥឡូវសិស្សតាំងពីថ្នាក់បឋមមកមានសៀវភៅម្នាក់មួយក្បាល។

នាឱកាសនោះដែរ សម្ដេច បានណែនាំឱ្យឪពុកម្ដាយ ត្រូវបង្រៀនកូនឱ្យរៀនអានសៀវភៅតាំងពីក្មេង ជាជាងអានតាមទូរស័ព្ទ មិនបាច់បង្ខំឱ្យគាត់អានសៀវភៅកម្រិតខ្ពស់ទេ ឱ្យគាត់អានសៀវភៅដែលគាត់ចាប់អារម្មណ៍ គំនូរជីវចលក្តី ឱ្យតែគាត់អាន៕

 

 

Share.
Leave A Reply

Exit mobile version