ឥណ្ឌា៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសារព័ត៌មានជាតិ និងអន្តរជាតិព្រមទាំងសាធារណជនមេត្តាជ្រាបថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៤ នាទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា។ កិច្ចប្រជុំនេះត្រូវបានអញ្ជើញចូលរួមបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា និងលោកស្រីAudrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ។
នាឱកាសក្នុងការចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះលោកស្រីបណ្ឌិតសភាចារ្យ បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឥស្សរជនមួយចំនួននៃស្ថាប័នទទួលបន្ទុកថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងក្របខណ្ឌសន្ធិសញ្ញាឆ្នាំ១៩៧២។


លោកស្រីប្រធានគណៈប្រតិភូក៏បានលើកឡើងពីការងាររបស់កម្ពុជាក្នុងកាតព្វកិច្ចជារដ្ឋភាគីក្នុងការថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោកនានាដែលកម្ពុជាបានចុះបញ្ជីកន្លងមក។
លទ្ធផលដែលទទួលបានរួមមាន៖
១. គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានពិនិត្យលើរបាយការណ៍ នៃសម្បត្តិបេតិកភណ្ឌ ពិភពលោកដែលស្ថិតក្នុងបញ្ជីគ្រោះថ្នាក់ចំនួន៥៦ បានរងការប៉ះពាល់លើតម្លៃលេចធ្លោជាសកលដោយសារ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងការស្នើសុំកែសម្រួលតំបន់ការពារ។ ជាមួយគ្នានោះដែរ គណៈកម្មាធិការ ក៏បានពិនិត្យលើរបាយការណ៍ដែលផ្តល់ដោយរដ្ឋភាគីសរុបចំនួន៦៧ ក្នុងនោះរបាយការណ៍ចំនួន១៣ ត្រូវ បានលើកមកពិភាក្សា និងចំនួន៥៤ផ្សេងទៀតត្រូវអនុម័តដោយមិនលើកមកពិភាក្សា។


២. គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានទទួលយករបាយការណ៍ដែលរៀបចំដោយ អាជ្ញាធរជាតិអប្សរាដែលរួមមាន ការអភិរក្សនិងអភិវឌ្ឍយូរអង្វែង ក៏ដូចជាការរៀបចំនគរូបនីយកម្មនៅ រមណីយដ្ឋានអង្គរនិងរុនតាឯក។
៣. គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានផ្តល់អនុសាសន៍ដល់កម្ពុជា ក្នុងនាមជា រដ្ឋភាគី អញ្ជើញអ្នកជំនាញពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ស្ថាប័ន ICOMOS និង ICCROM ដើម្បី សិក្សារួមគ្នាអំពីស្ថានភាពទូទៅនៃកិច្ចការអភិរក្ស និងអភិវឌ្ឍនៅក្នុងបរិបទថ្មីដែលជាការរួមបញ្ចូលនៃកិច្ចការពារ បេតិកភណ្ឌរូបី និងអរូបីនៃប្រជាពលរដ្ឋមូលដ្ឋានក្នុងរមណីយដ្ឋានអង្គរ ក៏ដូចជាការរៀបចំនគរូបនីយកម្មថ្មី នៅទីក្រុងរុនតាឯកតេជោសែន។

៤. គណៈប្រតិភូក៏បានដកស្រង់និងទទួលយកនូវបទពិសោធន៍ ព្រមទាំងយន្តការថ្មីៗ ផ្សេងទៀតក្នុងការងារថែរក្សា ការពារសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលបច្ចុប្បន្នដែលពាក់ព័ន្ធនឹងបម្រែ បម្រួលអាកាសធាតុ ការរួមចំណែករបស់សហគមន៍ កិច្ចការពារបេតិកភណ្ឌពិភពលោកក្នុងករណីមានជម្លោះ ប្រដាប់អាវុធ និងការគ្រប់គ្រងទេសចរណ៍ប្រកបដោយចីរភាព។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

Share.
Leave A Reply

Exit mobile version