ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែធ្នូនេះ គឺខេត្តកោះកុង ព្រះសីហនុកំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥ភាគរយ។
សេចក្តីជូនដំណឺងបានបញ្ជាក់ទៀតថា ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។
ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ស្ថានភាពបែបនេះនឹងធ្វើឱ្យ
១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៤ ម៉ែត្រវិនាទី។ ខេត្តព្រៃវែង ស្វាយរៀង កណ្តាលនិងខេត្តតាកែវ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។
២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៣ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ព្រះវិហារ ក្រចេះ តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី៥ភាគរយ។
៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕