ខេត្ត​ព្រះសីហនុ​​៖​ គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ៤០លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាល។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​កាលពីល្ងាចថ្ងៃ​៣​ ខែធ្នូ​ឆ្នាំ​២០២៥។

គួររំលឹកថា​ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៥ខែវិច្ឆិកាថ្មី​ៗនេះ​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី, ព្រមទាំងការស្នើចូលសញ្ជាតិខ្មែរ របស់គម្រោងវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដែលត្រូវបានប្រកាសឱ្យអនុវត្តដោយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកន្លងទៅ។

 

អង្គប្រជុំ បានពិនិត្យសម្រេចលើការស្នើរបស់ក្រុមហ៊ុនវិនិយោគឧស្សាហកម្មធុនធ្ងន់ផ្នែកកែច្នៃដែក ដែលមានសកម្មភាពអាជីវកម្ម រួមមាន ការពន្លា, ការច្រៀកដែកសន្លឹក និង ដែករនាប ដើម្បីកែច្នៃទៅធ្វើគ្រោងដែកផ្សេងៗ សម្រាប់បម្រើការក្នុងវិស័យសំណង់ ក្រោមទុនវិនិយោគប្រមាណ ៤០លានដុល្លារអាម៉េរិក ។

 

ជាមួយគ្នានេះ, អង្គប្រជុំបានពិនិត្យ និង ពិភាក្សា ដើម្បីស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លើការស្នើសញ្ជាតិខ្មែររបស់វិនិយោគិនដែលមានសក្តានុពលខ្ពស់ចំនួន ២ រូប ដែលមានគម្រោងវិនិយោគពាក់ព័ន្ធនឹងការកែច្នៃអាលុយមីញ៉ូម និង ការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុប ចំនួន ១១០ លានដុល្លារអាម៉េរិក ក្នុងទំហំដី ៣០៣ ហិកតា ។

បន្ទាប់បិនោះលោកបណ្ឌិតសភាចារ្យប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ក្រោមអភិក្រម« “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»៕

 

 

 

Share.
Leave A Reply

Exit mobile version