ភ្នំពេញ៖រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីចូលរួមក្នុងពិធី ប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យនិងសកលវិទ្យាល័យ និងអបអរសាទរខួប១០ឆ្នាំនៃកំណើតសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. នៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិ (សាខាចោមចៅ)។ អញ្ជើញមានវត្តមានក្នុងកម្មពិធីរួមមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. លោកគ្រូ ពេទ្យ អ្នកគ្រូពេទ្យ និង សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ជាច្រើននាក់។

ជាកិច្ចចាប់ផ្តើមលោក ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក.និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានធ្វើការស្វាគមន៍ និងរាយការណ៍សង្ខេបពីការងារសម្រេចបាន របស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ក្នុងរយៈពេល១០ឆ្នាំមក នេះ ដែលក្នុងនោះរួមមាន ពិនិត្យ ព្យាបាល និងវះកាត់ បានចំនួន ៣៦៨ លើក នៅទូទាំង ២៥រាជធានីខេត្តនិង១៧មណ្ឌលកុមារកំព្រា ផ្តល់វ៉ាក់សាំងជំងឺនានា ជាពិសេសជំងឺកូវីដ-១៩ ផ្តល់ការពិគ្រោះយោបល់ និងលើកទឹកចិត្តតាមប្រព័ន្ធអនឡាញ (Online) រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងសន្និសីទថ្នាក់អន្តរជាតិជាដើម។

បន្ទាប់ពីការធ្វើរបាយការណ៍ និងការអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ សមាសភាព សមាជិក សមាជិកាថ្មី នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ចំនួន ២៧០១រូបរួច មកលោក ហ៊ុន ម៉ានី ក៏បានប្រគល់សេចក្តីសម្រេចជូនដល់តំណាងសមាជិកសមាជិកាថ្មី នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.កផងដែរ។  បន្ទាប់ពីនេះ លោកប្រធានសាខាសាកលវិទ្យាល័យអន្តរជាតិ ក្នុងនាមតំណាងសមាជិកសមាជិកាថ្មីទាំងអស់ក៏បានមានមតិប្តេជ្ញាចិត្តយ៉ាងមុត មាំលើកិច្ចការងារមួយចំនួនផងដែររួមមានគោរពអនុវត្តការងារស្របតាមថ្នាក់ដឹកនាំ បង្កើនសាមគ្គីផ្ទៃក្នុង បំពេញតាមតួនាទីវិជ្ជាជីវៈដើម្បីលើកកម្ពស់សុខុមាល ភាពប្រជាពលរដ្ឋកម្ពុជា និងចូលរួមវគ្គបណ្តុះបណ្តាលនានាបន្ថែមទៀត៕

 

 

 

 

Share.
Leave A Reply

Exit mobile version