Ly Hosann, [12/16/2024 10:05 AM]

ភ្នំពេញ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាព្រឹកថ្ងៃចន្ទថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះបានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទីថ៧នៃរដ្ឋសភាដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព បានកំណត់យកអាទិភាពគន្លឹះ៥គឺ៖ «មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

 


ក្នុងស្មារតីនេះកម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងលើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសលើមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផង ដែលជាឱកាសឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។


ការជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកិច្ចការអាទិភាព និងចាំបាច់បំផុតដើម្បីលើកកម្ពស់ការប្រកួតប្រជែង និងជំរុញពិពិធកម្ម សេដ្ឋកិច្ចក្នុងគោលដៅកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។
ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ រហូតដល់មានលទ្ធភាពសមាហរ័ណខ្លួនចូលទៅប្រព័ន្ធសេដ្ឋកិច្ច គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋ និងអាចចូលរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។ការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ត្រូវការជាចាំបាច់ដោយមិនអាចខ្វះបាននូវភាពម្ចាស់ការ ភាពជាអ្នកដឹកនាំ របស់ក្រសួងស្ថាប័ននីមួយៗដែលមានចំណែកទទួលបន្ទុកតាមផែនវិធានការគន្លឹះ ក៏ដូចជាយន្តការសម្របសម្រួលអន្តរក្រសួងស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពនិងភាពជោគជ័យ។


ផ្អែកតាមក្របខណ្ឌនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានវិធានការគន្លឹះចំនួន៥ និងផែនការសកម្មភាពចំនួន៤៥។ ក្នុងនោះ ការរៀបចំបង្កើតមូលដ្ឋានទិន្នន័យនិងអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះដើម្បីកំណត់អត្តសញ្ញាណជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាចទទួលបានអត្ថប្រយោជន៍នានាស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការគន្លឹះមួយ។ បច្ចុប្បន្នកង្វះមូលដ្ឋានទិន្នន័យ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ការធានានូវប្រសិទ្ធភាព គណនេយ្យភាព ស័ក្តិសិទ្ធិភាព និងតម្លាភាពនៃអន្តរាគមន៍នានាដែលក្រសួង ស្ថាប័នបាននិងកំពុងត្រៀមរៀបចំដោះស្រាយដោយភ្ជាប់ជាមួយកញ្ចប់អត្ថប្រយោជន៍ក្នុងកិច្ចគាំទ្រនិងការលើកទឹកចិត្តសម្រាប់បងប្អូនស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ។ក្នុងន័យនេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដឹកនាំកិច្ចប្រជុំពិភាក្សាជាច្រើនលើកក្នុងកម្រិតគណៈកម្មាធិការ និងជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សមាគមដើម្បីពិនិត្យអំពីតួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗដែលមានចែងនៅក្នុងយុទ្ធសាស្ត្រជាតិនេះ។

 

ជាពិសេសដើម្បីស្វែងរកយន្តការដ៏មានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខក៏ដូចជាសំណូមពរនិងតម្រូវការចាំបាច់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។គណៈកម្មាធិការក៏បានបន្តជំរុញការរៀបចំផែនការសកម្មភាពលម្អិតរបស់ក្រសួងស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រជាតិឱ្យបានទាន់ពេលវេលានិងចំគោលដៅ។ ជាសត្យានុម័តក្រសួងស្ថាប័នទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍសមាគម ត្រូវមានទិន្នន័យច្បាស់លាស់ តាមប្រភេទ កម្រិត និងតាមភូមិសាស្រ្តជាចាំបាច់ដើម្បីមានលទ្ធភាពក្នុងការរៀបចំផែនការសកម្មភាព ក៏ដូចជាកិច្ចអន្តរាគមន៍នានាក្នុងការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមវិស័យនីមួយៗ។


ទិន្នន័យតាមទម្រង់ឌីជីថលហើយដែលត្រូវអាចចែករំលែកផ្លាស់ប្តូរគ្នាបាន នឹងផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ក៏ដូចជាជួយលើកកម្ពស់ ផលិតភាពពង្រីកមុខរបរ និងការប្រកួតប្រជែង រហូតដល់អាចសមាហរ័ណខ្លួនជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ស្របតាមយុទ្ធសាស្រ្តជាតិដែលបានកំណត់។ ក្នុងស្ថានភាពនេះ ការរៀបចំប្រមូល និងកសាងមូលដ្ឋានទិន្នន័យតាមរយៈថ្នាលឌីជីថល គឺជាជម្រើសដ៏សមស្រប ចំណេញពេលវេលា និងទាន់សភាពការណ៍។

Ly Hosann, [12/16/2024 10:05 AM]
ដើម្បីធានាសង្គតភាព និងភាពរលូននៃការកសាងមូលដ្ឋានទិន្នន័យដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍លើ៣ចំនុច ទី១)អនុញ្ញាតឱ្យប្រើប្រាស់ថ្នាលឌីជីថលជាមធ្យោបាយសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ទី២)អនុញ្ញាតឱ្យរៀបចំអនុក្រឹត្យ ដើម្បីឱ្យការចេញវិញ្ញាបនបត្រទទួលស្គាល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយថ្នាលឌីជីថលមានអានុភាពគតិយុត្តក្នុងកម្រិតមួយ ដែលក្រសួងស្ថាប័នពាក់ព័ន្ធអាចទទួលយកបានសម្រាប់ការផ្តល់ការគាំទ្រ និងការផ្តល់វានានា ជូនអ្នកដែលបានចុះឈ្មោះ និងទី៣) អនុញ្ញាតឱ្យរៀបចំយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ទាប់ពីការចេញអនុក្រឹត្យនេះ។


តាមគោលការណ៍ខាងលើលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការធុរកិច្ចនិងសេដ្ឋកិច្ចឌីជីថលក្នុងការរៀបចំប្រព័ន្ធចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល រហូតទទួលបានលទ្ធផល និងដាក់ឱ្យដំណើរការជាផ្លូវការ។
ថ្នាលចុះឈ្មោះនេះ មានឈ្មោះជាផ្លូវការ «ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។ ថ្នាលនេះត្រូវបានរៀបចំឱ្យមានលទ្ធភាពក្នុងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗទៀតផងដែរ។
លក្ខណៈ ពិសេសសំខាន់ៗរបស់ថ្នាលមានដូចជា ការប្រើប្រាស់បច្ចេកវិទ្យា AI-Assisted ដើម្បីសម្រួលដល់ការបំពេញទិន្នន័យ,ការទាញយកទិន្នន័យដោយស្វ័យប្រវត្តិចេញពីអត្តសញ្ញាណប័ណ្ណ,ការចូលទៅប្រើប្រាស់ប្រព័ន្ធដោយប្រើប្រាស់ថ្នាល CamDigiKey សម្រាប់មន្ត្រី និងបុគ្គលិកផ្នែកខាងក្រោយ ដើម្បីធានានូវការកំណត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់បានត្រឹមត្រូវ និងច្បាស់លាស់ការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDx) របស់រាជរដ្ឋាភិបាលកម្ពុជា ការបញ្ចាក់ភាពត្រឹមត្រូវនិងពិតប្រាកដរបស់វិញ្ញាបនបត្រតាមរយៈថ្នាលverify.gov.khនិងការផ្ទៀងផ្ទាត់ទិន្នន័យជាមួទិន្នន័យអត្តសញ្ញាណកម្ម និងទិន្នន័យរបស់រាជរដ្ឋាភិបាលទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធផ្អែកតាមតម្រូវការក្នុងការរៀបចំ និងផ្តល់កញ្ចប់អត្ថប្រយោជន៍ជូនប្រជាជនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះជាច្រើជម្រើស ជូនប្រជាពលរដ្ឋដោយឥតបង់ថ្លៃសេវា និងតាមការស្ម័គ្រចិត្តដោយពឹងផ្អែកលើព័ត៌មានពីការធ្វើស្វ័យប្រកាស។ ការចុះឈ្មោះនេះផ្តោតចំពោះក្រុមគោលដៅរួមមាន៖ សហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ដើម្បីធានាដល់កិច្ចដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមការងារបានសាកល្បង ចំពោះក្រុមគោលដៅអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ១៥១នាក់ ដែលជាលទ្ធផលបានបង្ហាញថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនរហូតដល់៧៣% បានចំណាយពេលចុះឈ្មោះចន្លោះពី ៥-១០នាទី និង១៧ភាគរយបានចំណាយពេលចុះឈ្មោះក្រោម ៥នាទី និង ១០ភាគរយចំណាយពេលលើសពី ១៥នាទី។


ប្រជាពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះលើថ្នាលឌីជីថលនេះ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងទម្រង់ឌីជីថល ដែលមានតម្លៃគតិយុត្តក្នុងកម្រិតមួយអាចប្រើប្រាស់សម្រាប់ទទួលបានអត្ថប្រយោជន៍ពីកិច្ចអន្តរគមន៍របស់រាជរដ្ឋាភិបាល។
ការចុះឈ្មោះអាចធ្វើឡើងតាម២វិធី៖
ទី១៖ ចុះឈ្មោះដោយខ្លួនឯងតាមរយៈវេបផតថល www.informal.digitaleconomy.gov.kh និងកម្មវិធីទូរស័ព្ទដៃ CAM-IE។
ទី២៖ ចុះឈ្មោះតាមរយៈភ្នាក់ងារចុះឈ្មោះ។ ដើម្បីជួយសម្រួលដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេសចំពោះមុខគឺក្រសួងបានសហការបង្កើតយន្តការចុះឈ្មោះជាមួយភ្នាក់ងារដគូធនាគារចំនួន៥ រួមមាន៖ នៅតាមសាខាធនាគារ WING, ACLEDA, ABA, SME និង ARDB ជាដើម ដោយឥតគិតថ្លៃ។ដើម្បីជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចប្រព័ន្ធ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានភារកិច្ចដូចខាងក្រោម៖
១៖ យុទ្ធនាការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង និងសារៈសំខាន់នៃការចុះឈ្មោះ និងរបៀបនៃការចុះឈ្មោះជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
២៖ ពិនិត្យតាមដានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសរកឱ្យឃើញនូវបញ្ហាប្រឈមក្នុងការចុះឈ្មោះ និងលទ្ធភាពនៃការចែករំលែកទិន្នន័យតាមថ្នាលឌីជីថលរវាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ
៣៖ សម្របសម្រួល ដោះស្រាយបញ្ហាប្រឈមនានាដែលនាំឱ្យមានការរាំងស្ទះក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានទាន់ពេលវេលានិងចំគោលដៅ។
៤៖ ចូលរួមដឹងសុខទុក្ខអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចូលរួមដោះស្រាយផលវិបាកនានាស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
៥៖ផ្តល់ទំនុកចិត្ត ភាពជឿជាក់មកលើភ្នាក់ងារចុះឈ្មោះ មន្ត្រីមានសមត្ថកិច្ចជំនាញ និងគណៈកម្មាការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

៦៖ សម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការផ្តល់កញ្ចប់អត្ថប្រយោជន៍ និងបង្ករលទ្ធភាពអភិវឌ្ឍបន្ទាប់ពីបានចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

Share.
Leave A Reply

Exit mobile version