ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធដោយសមត្ថកិច្ចមិនបានប្រើពាក្យជេរប្រមាថទៅលើស្រ្តីម្នាក់នៅពេលសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹងនោះទេ។ ប៉ុន្តែបែរជាស្រ្តីនោះជេរចោទសមត្ថកិច្ចថាជាចោរទៅវិញ។ខណៈសមត្ថកិច្ចកំពុងបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវណតប្រ៊ីដ ខណ្ឌសែនសុខ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមបំភ្លឺជូនសាធារណជនឲ្យបានជ្រាបថា:កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានអនុវត្តរឹតបន្តឹងការអនុវត្តច្បាប់ត្រួតពិនិត្យជាតិស្រវឹង នៅចំណុចគេាលដៅ ផ្លូវណតប្រីឌ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ វេលាម៉ោងប្រហែល១២:យប់ ឈានចូលថ្ងៃទី៨ ខែធ្នូ ២០២៥ មានរថយន្តមួយគ្រឿង ម៉ាកកាម៉ារីហាយប្រីដ ពាក់ផ្លាកលេខ ភ្នំពេញ 2BR 9207 បើកបរដោយឈ្មោះ សុខ ចំរើន ភេទប្រុស ធ្វើដំណើរទិសដៅពីជើងទៅត្បូង (ក្នុងរថយន្តមានអ្នករួមដំណើរ០២នាក់ប្តីនិងប្រពន្ឋ) បានធ្វើដំណើរចូលគោលដៅត្រួតពិនិត្យជាតិស្រវឹង ពេលនោះសមត្ថកិច្ចបានស្នើសុំឲ្យអ្នកបើបរសហការណ៍ចុះផ្លុំជាតិស្រវឹង ។
នៅពេលនោះដែរអ្នកបើកបរក៏បានសហការ ហើយត្រួតពិនិត្យ មានជាតិស្រវឹង ០,៥០ Mg/1L ខណៈនោះសមត្ថកិច្ចក៏ចេញបង្កាន់ដៃផាកពិន័យប្រាក់ចំនួន២លានរៀល។ ក្រេាយពីចេញបង្កាន់ដៃរួច (អ្នកបើករថយន្ត) ក៏ទៅសម្រាកក្នុងរថយន្តរបស់គាត់មិនបានយកថវិកាមកបង់ផាកពិន័យនោះទេ។លុះនៅពេលជិតដល់ម៉េាងកម្លាំងសមត្ថកិច្ចត្រូវសម្រាកពីការងារ ក៏បានអញ្ជើញអ្នកបើករថយន្តមកសួរនាំរឿងផាកពិន័យដោយសួរគាត់ថា បង់រឺមិនទាន់បង់ថវិកាផាកពិន័យ ខណៈនោះគាត់បានយល់ព្រមបង់ផាកពិន័យតាមច្បាប់គ្មានការតវ៉ាអ្វីនោះទេ។បន្ទាប់មកគាត់ក៏ដើចេញពីតុផាកពិន័យរបស់សមត្ថកិច្ចទៅឡើងរថយន្តវិញ។ ពេលចូលដល់ក្នុងរថយន្តហើយមិនដឹងគាត់និយាយអ្វីជាមួយប្រពន្ធគាត់នៅក្នុងរថយន្តនោះស្រាប់តែស្រ្តីជាប្រពន្ធក៏បើកទ្វារថយន្តដែលមានកាយវិកាទំនងជាស្រវឹងស្រាផងដែរ ហើយឈរនៅក្បែររថយន្តរបស់គាត់ស្រែកជេរនិងចោទពួកសមត្ថកិច្ចថាជាចោរ។ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានថតសកម្មភាពស្រ្តីនោះវិញហើយស្រ្តីនោះក៏បានសំណូមពរសមត្ថកិច្ចកុំឲ្យថតគាត់នៅពេលនោះផងដែរ។ទោះបី សមត្ថកិច្ចបានណែនាំស្រ្តីនោះយ៉ាងណាក៏ដោយក៏គាត់មិនស្តាប់សមត្ថកិច្ចនោះទេ ថែមទាំងប្តីរបស់ស្រ្តីនោះខំប្រឹងនិយាយប្រាប់ស្រ្តីនោះកុំឲ្យឡូឡាផងនោះទៀត ប៉ុន្តែគឺគាត់មិនស្តាប់នោះឡើយប្រឹងតែថតសមត្ថកិច្ចចេាទប្រកាន់សមត្ថកិច្ចអនុវត្តច្បាប់ថាជាចោរ ខណៈដែលសមត្ថកិច្ចបំពេញភារកិច្ចតាមគោលការណ៍របស់ថ្នាក់ដឹកនាំស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ ស្រ្តីនោះនិងប្តីបន្ទាប់មកក៏ឡើងជិះរថយន្តទៅបាត់។
ពាក់ព័ន្ធបញ្ហានេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សចាត់ទុកការប្រើពាក្យសំដីអសីលធម៌របស់ស្ត្រីនោះមកលើសមត្ថកិច្ចដោយមិនឆ្លុះបញ្ចាំងពីការទទួលស្គាល់កំហុសរបស់ខ្លួន ហើយបែរប្រឹងថតចោទសមត្ថកិច្ចផ្សព្វផ្សាយតាមបណ្តាញសង្គមដែលនាំឲ្យមហាជនយល់ច្រឡំពីការអនុវត្តច្បាប់ដ៏ត្រឹមត្រូវរបស់សមត្ថកិច្ច។

សូមបញ្ជាក់ថាការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកធ្វើឡើងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញតាមគោលការណ៍ថ្នាក់លើ១សប្តាហ៍ចុះអនុវត្ត៣ថ្ងៃ ដោយចាប់ពីវេលាម៉ោង១១យប់រហូតដល់ម៉ោង០២យប់។អាស្រ័យបានជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

Share.
Leave A Reply

Exit mobile version