ភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន(ស្ពានអាកាសជាន់ទី១)បានធ្វើឡើង នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។
ស្ពានអាកាស «មរតកតេជោ»ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ខាងមុខ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។
គួររំលឹកថា៖ ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។
ស្ពានអាកាសថ្មីនេះ ត្រូវបាលអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវអញ្ជើញជាអធិបតី ក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា ហើយកាលព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ត្រូវបានឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីតភ្ជាប់តួស្ពាន។
ស្ពានអាកាសនេះសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។
ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។
គម្រោងស្ពានអាកាសថ្មីនេះ មានការសាងសង់ ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅ កាន់ មហវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពល ខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហា វិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ននេះក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕