ភ្នំពេញ​៖​ គិតត្រឹមថ្ងៃនេះអង្គភាពសារព័ត៌មានសរុបចំនួនជិត២ពាន់​អង្គភាពនិង២៦សមាគមសារព័ត៌មានដែលបានចុះ​បញ្ជីត្រឹមត្រូវនៅ​ក្រសួង​ព័ត៌មាន។ជាមួយគ្នានោះ​ក្រសួងក៏បានចេញបណ្ណសម្គាល់អ្នកសារព័ត៌មានបានចំនួនជាង៨ពាន់ បណ្ណ រួចហើយ ជូនដល់អ្នកសារព័ត៌មាន​សម្រាប់​ប្រតិបត្តិការងារដោយស្របច្បាប់។​ នេះបេី​តាមការបញ្ជាក់ពី​លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្នកនាំពាក្យរូបនេះ​ បានបន្តថា ក្រសួងព័ត៌មាន ក្នុងឆមាសទី១ឆ្នាំ២០២៤ បានផ្តល់ការគាំពារ​ផ្នែក​ច្បាប់​ដល់​អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួប​ប្រទះនឹងបញ្ហាក្នុង​ពេលបំពេញការងារ ដោយក្រសួងបាន​សម្រប​សម្រួល​ស្វែងរកដំណោះស្រាយចំពោះវិវាទនិងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការ​ផ្តល់មេធាវី​ការពារក្តីក្នុងនីតិវិធីតុលាការលើ ​ករណីវិវាទមួយចំនួនទៀត។ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានសម្រប​សម្រួលដោះ​ស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈ​ចំនួន១៧​ករណី ដោយបាន​ផ្តល់ការអប់រំ​និងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ និងនិយាម​វិជ្ជាជីវៈសារព័ត៌មានជាធរមាន។

លោកទេព អស្នារិទ្ធ​បន្ថែមថា៖ កិច្ចគាំពារ​ដល់អ្នកសារព័ត៌មានជាអាទិភាពចំបងមួយរបស់ក្រសួង​ព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់​ទំនុកចិត្តនិងការការពារ​ដល់​អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវគោរពតាមក្រមសីល​ធម៌​វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្ត​តួនាទី​និងភារកិច្ចក្នុងក្របខ័ណ្ឌ​ដែលច្បាប់កំណត់៕​

 

 

Share.
Leave A Reply

Exit mobile version