ភ្នំពេញ៖​ លោកឧត្តមសេនីយ៍​ឯក​ ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ​ កាលពីថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤បានអំពាវនាវ​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ សូមប្រជាពលរដ្ឋទាំងអស់កុំលក់ ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឱ្យទៅជនអនាមិក បើមិនចង់ចាញ់បោក ឬផុងខ្លួនក្លាយជាជនល្មើសនៅថ្ងៃខាងមុខ។

ការអំពាវនាវបែបនេះ​របស់​លោកឧត្តមសេនីយ៍​ឯក​ ឌី​ វិជ្ជា បន្ទាប់ពីលោកបានស្ដាប់រឿងពលរដ្ឋម្នាក់ជជែកពិគ្រោះយោបល់ក្នុងវិទ្យុABC រឿងមានអ្នកទាក់ទងទៅកូនរបស់ពលរដ្ឋ ហើយឱ្យយកលុយទៅបង់ថ្លៃម៉ូតូ ដែលលោក និងពលរដ្ឋដែលផ្ដល់យោបល់ក្នុងវិទ្យុថានេះជាករណីបោកប្រាស់។

លោកឧត្តមសេនីយ៍​ឯក​ ឌី​ វិជ្ជា​ បានគូសបញ្ជាក់ថា​« ខ្ញុំស្តាប់រួចគិតថាអាចនេះជាករណីបោកប្រាស់ហើយ ។ខណៈពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតបានទូរសព្ទចូលនិយាយដូចខ្ញុំបានគិតដែរ។ សព្វថ្ងៃមានសកម្មភាពបោកប្រាស់គ្រប់រូបភាពដូចជាការទិញយកលេខលិខិតឆ្លងដែន ទិញលេខគណនីធនាគារទិញលេខអត្តសញ្ញាប័ណ្ណ ឬជាការថតយករូបរបស់យើង ដោយផ្ដល់មកវិញនូវថវិកាពី៥ម៉ឺនដល់២០ម៉ឺនរៀល។

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍​ឯក​ ឌី​ វិជ្ជា​ សូមពុកម៉ែពូមីងបងប្អូនទាំងអស់មេត្តា កុំលក់ឬផ្ដល់នូវព័ត៌មានរបស់ខ្លួនយើងឱ្យទៅអ្នកដទៃឱ្យសោះ បើមិនដូច្នោះទេយើងនឹងធ្លាក់ក្នុងស្ថានភាពនៃបទល្មើសណាមួយនៅថ្ងៃខាងមុខមិនខាន។

ដូច្នេះ​បើបងប្អូនបានជួបនូវរឿងទាំងនេះ សូមមេត្តាទាក់ទងសមត្ថកិច្ចឬពិគ្រោះយោបល់ជាមួយអ្នកដែលយើងស្គាល់ជាមុនសិន មុននឹងសម្រេចចិត្តផ្ដល់នូវព័ត៌មានរបស់យើងឱ្យទៅនរណាម្នាក់។ ប៉ុន្តែបើសិនជាមិនច្បាស់ទេសូមកុំផ្ដល់ឱ្យតែម្តង៕

Share.
Leave A Reply

Exit mobile version