ខេត្តបន្ទាយមានជ័យ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផលនានាក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
តំបន់បឹងជង្រុកនិង៦៧១ គឺជាចំណែកនៃទីតាំងដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើប្រទានកម្មជូនគ្រួសារយោធាសមាហរណកម្មសម្រាប់អាស្រ័យផលតាមខ្លឹមសារ៣យ៉ាង នៃការអនុវត្ត នយោបាយ ឈ្នះ ឈ្នះ រួមមាន៖ ១-ការធានាអាយុជីវិត និងរូបកាយ ២-ការធានាអាជីព និងមុខរបរ ៣-ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ។
ប្រវត្តិនៃឈ្មោះបឹងជង្រុកនេះ ត្រូវបានគេហៅតៗគ្នា ក្នុងសម័យរំដោះប្រទេសពីរបបប្រល័យពូជសាសន៍នាឆ្នាំ១៩៧៩។ ខណៈពេល ដែលកងទ័ពភាគីរដ្ឋកម្ពុជា និងកងទ័ពវៀតណាមលើកគ្នាវាយកងទ័ពខ្មែរក្រហម ដោយទីតាំងនេះជាកន្លែងជង្រុកស្រូវដ៏ធំមួយ ដែលគេដឹកយកស្រូវពីតំបន់កូនដំរីមកផ្ទុកនៅទីនេះដើម្បីផ្គត់ផ្គង់ដល់កងទ័ពខ្មែរក្រហមនៅសមរភូមិមុខ។
ចំណែកតំបន់៦៧១ កើតឡើងក្រោយពេលសមាហរណកម្ម ដែលជាឈ្មោះវរសេនាតូច៦៧១ ចំណុះឱ្យវរសេនាធំ E៦៧ ស្ថិតនៅក្រោមកងពល២១ ដឹកនាំដោយឧត្តមសេនីយ៍ ផឹង ផុន ក្នុងពេល ដែលឧត្តមសេនីយ៍ សុខ ភាព ត្រូវបានតែងតាំងជាមេបញ្ជាការរងយោធភូមិភាគ៥។ ក្រោយពេលសមាហរណកម្ម ដីធ្លីជាច្រើនកន្លែងនៅក្នុងស្រុកម៉ាឡៃ ត្រូវបានផ្តល់ជូនគ្រួសារយោធាដើម្បីរស់នៅ និងអាស្រ័យផល។
បន្ទាប់ពីទទួលបានដីតាមរយៈការធ្វើប្រទានកម្មនេះ អតីតយោធាសមាហរណកម្មក៏បានឯកភាពគ្នា សម្រេចលក់ដីនេះឱ្យក្រុមហ៊ុន និងបុគ្គលផ្សេងៗតាមរយៈប្រធានអង្គភាពរបស់ខ្លួន ព្រោះតំបន់បឹងជង្រុក និង៦៧១នេះ ជាតំបន់ដែលមានព្រៃប្ញស្សីក្រាស់ៗ ក្នុងដីពោរពេញទៅដោយគ្រាប់មីនកប់រាយប៉ាយ ដោយសារតែជាអតីតទីតាំងសមរភូមិក្ដៅ ទើបគ្រួសារយោធា ដែលទទួលបានដីនៅទីនេះ មិនមករស់នៅ និងអាស្រ័យផលនោះទេ ដោយនាំគ្នាសម្រេចលក់ផ្ទាល់ខ្លួនខ្លះនិងលក់រួមគ្នាជាកញ្ចប់តាមរយៈប្រធានអង្គភាព ដើម្បីយកប្រាក់មកដោះស្រាយជីវភាព ៕